ព័ត៌មានជាតិ

ម្តេចតេជោ ហ៊ុន សែន ចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ⟨CPP⟩ -២៨/៦ /១៩៥១- ២៨​/៦​/២០២១​

ភ្នំពេញនៅព្រឹកថ្ងៃចន្ទ ៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (CPP) -២៨/៦ /១៩៥១- ២៨​/៦​/២០២១​។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចតេជោ បានគូសបញ្ជាក់ថា ៧០ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់នូវរឿងរ៉ាវលំបាកជាច្រើន ដែលគ្រប់ដំណាក់កាលទាំងអស់គឺតែងតែមានវត្តមាន “គណបក្សប្រជាជនកម្ពុជា” នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋខ្មែរគ្រប់ពេលវេលា។

សម្តេចតេជោ បានបន្តថា សន្តិភាព ស្ថិរភាព និងរាល់នូវសមិទ្ធផលដែលកម្ពុជាសម្រេចបានមកដល់ពេលនេះ គឺបានមកពីការយកអាយុជីវិតធ្វើដើមទុន ជាមួយនឹងពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់យុទ្ធជន យុទ្ធនារី មន្ត្រីរាជការ​ សមាជិក សមាជិកាគណបក្ស រួមទាំងបងប្អូនជនរួមជាតិរាប់លាននាក់ ដែលបានចូលរួមក្នុងបុព្វហេតុជាតិមាតុភូមិ ជាមួយនឹងការគាំទ្រដ៏ស្មោះស ពីបណ្ដាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ ដែលបានធ្វើអោយកម្ពុជាមានសុខសន្តិភាពនិងរីកចម្រើនមកទល់សព្វថ្ងៃ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងអំណរគុណចំពោះ​បងប្អូនជនរួមជាតិ​ និងសមាជិកសមាជិកា​ ព្រមទាំងក្មួយៗទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រ និងបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសមកទល់សព្វថ្ងៃ។ ក្រោមការដឹកនាំរបស់​គណបក្សប្រជាជនកម្ពុជា​ ប្រទេសជាតិនឹងកាន់តែរីកចម្រើនរុងរឿង៕«អរគុណ​សន្តិភាព»

Leave a Reply

Your email address will not be published. Required fields are marked *