ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៧:៣០នាទី នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ បានអញ្ជើញដឹកនាំប្រជុំបូកសរុបសភាពការណ៍លទ្ធផលការ ត្រីមាសទី១ ឆ្នាំ២០២៤ របស់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងផ្សព្វផ្សាយផែនការចំពោះមុខ និងលើកទិសដៅបន្ត និងអបអរសាទរ ទិវាជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបលើកទី១១៣ ក្រោមប្រធានបទ “ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តឌីជីថល” ដោយមានការចូលរួម លោក ស្នងការង រួមនឹងភរិយា លោកស្រីស្នងការរង លោកនាយការិយាល័យ លោកមេបញ្ជាការ-មេបញ្ជាការរងវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៦១៥ និង៦១៧ លោកអធិការ-អធិការរង នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៧ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១៦ប៉ុស្តិ៍ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៦៤ប៉ុស្តិ៍ សរុបចំនួន ៣០០នាក់ ស្ត្រីចំនួន ១៧៥នាក់ ។
ក្នុងឱកាសខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោស្នងការ បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើ និងជូនពរមន្ដ្រីនគរបាលជាតិ ជានារី នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ រួមនឹងបាច់ផ្កា អំណោយ និងថវិកាដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ប្រគល់ជូន មន្រ្តីនគរបាលជានារី ចំនួន ១៧៥នាក់ រួមនិងកុមារចំនួន ០៥នាក់ ដោយក្នុងម្នាក់ទទួលបានថវិកា ៥០,០០០រៀល សរុបថវិកា ៩,០០០,០០០រៀល ៕