ព័ត៌មានជាតិ

ភ្នំ​សុពណ៌​កាឡី

ភ្នំពេញ​: ភ្នំ​សុពណ៌​កាឡី ជា​ភ្នំ​ធម្មជាតិ​មួយ​ដែលមាន​តម្លៃ​ប្រវត្តិសាស្ត្រ និង​មានតម្លៃ​ផ្នែក​សោភ័ណភាព ធម្មជាតិ​។ ថ្មភ្នំ​សុពណ៌​កាឡី​គឺ ជា​ប្រភេទ​ថ្មភក់ (​ទាមទារ​ការបញ្ជាក់​ពី​អ្នក ជំនាញ​ខ្មែរ​ផ្នែក​ភូគព្ភសាស្ត្រ​)​។ ក្រៅពី​ថ្មភ្នំ មាន​វត្តមាន​សត្វ និង​រុក្ខជាតិ​នានា​រស់នៅ និង​ដុះ​លូតលាស់​។​

​តម្លៃ​វប្បធម៌ នៃ​ភ្នំ​នេះ​គឺ ពាក់ព័ន្ធ​នឹង​ផ្នែក​ជំនឿ និង​សាសនា​។ នៅលើ​ភ្នំ មាន​រូបសំណាក​លោកតា​«​ជំ​ពូធរ​» (​តំណាង​អ្នកគ្រប់គ្រង​ទិស​ទាំង ៤) ដែលមាន​បារមី​ពូកែ​ស័​ក្ត​សិទ្ធិ ហើយ ប្រជាពលរដ្ឋ​កម្ពុជា​តែង​មក​គោរព និង​បន់ស្រន់​សុំ​សុភមង្គល​គ្រប់ប្រការ​។

នៅ​មិន​ឆ្ងាយ​ពី​រូបសំណាក​លោកតា​ជំ​ពូធរ មាន​ដើម​ជ្រៃលៀប ឬ​ដើម ទិព្វ​ធីតា​ច័ន្ទ​ដែល​នៅ​ជិត​នោះ មាន​រូងភ្នំ ១ ឈ្មោះថា រូង​តា​សាន់ (​បារមី ) ដែលមាន​រឿងដំណាល​ថា កាលពីព្រេងនាយ ប្រជាពលរដ្ឋ​តែង​ធ្លាប់​ខ្ចី​បាន ចាន​បញ្ចរុង្គ​ពី​បារមី នៃ​រូង​នោះ ក្រោយពេល​ពួកគេ​បាន​បន់ស្រន់​។

មាន​គេ​និយាយថា​នៅមុន​ឆ្នាំ​១៩៨២ ធ្លាប់មាន​មនុស្ស​ដើរចូល​តាម​រូង​នោះ ទៅដល់​ក្រោម​បាតទន្លេ​(​មេគង្គ​)​ដែល​ស្ថិត​នៅក្បែរ​ភ្នំ​។ នៅលើ​ភ្នំ មាន​ឋាន ព្រះពុទ្ធ​ទ្រង់​បិណ្ឌបាត​ប្រោស​សត្វលោក​។​

​ភ្នំ​សុពណ៌​កាឡី​មើលទៅ​រាង​ដូច​សត្វ​ក្រពើ ដេក​ក្រាប​លើ ព្រះធរណី​។ តាម​រឿងដំណាល សត្វ​ក្រពើ​សុពណ៌​កាឡី រស់នៅក្នុង​ត្រពាំង​១​ឈ្មោះថា ត្រពាំង​ឈូក​(​ខ្លះ​ហៅ ត្រពាំង​សុពណ៌​កាឡី​) ស្ថិតនៅ​ជើងភ្នំ​។ សត្វ​ក្រពើ នេះ បាន​ឮថា មាន​សត្វ​ក្រពើ ល្បី​១​ក្បាល​ឈ្មោះ​ក្រពើ​អធន នឹងធ្វើ​ដំណើរ ឆ្លងកាត់ ទឹកដី​របស់​វា​។

ក្រពើ​សុពណ៌​កាឡី ក៏បាន​ស្ទាក់ផ្លូវ​ដើម្បី​ប្រកួត​គ្នា​។ មុនពេល ប្រកួត ក្រពើ​អធន​បាន​លេប​លោកគ្រូ​របស់​វា ចូល ក្នុង​ពោះ រួច​បាន ប្រកួត​ឈ្នះ ហើយ​ក្រពើ​សុពណ៌​កាឡី​បាន​ស្លាប់ និង ក្លាយ ទៅជា​ភ្នំ​សុពណ៌​កាឡី​។ ត្រពាំង​ឈូក​មាន​ជម្រៅ​ប្រមាណ ៣​ម៉ែត្រ បណ្តោយ ៣០០ ម៉ែត្រ និង​ទទឹង​១០០​ម៉ែត្រ បច្ចុប្បន្ន​រីង​រាក់​។ បើ​ថែរក្សា និង​ស្តារ​ឱ្យបាន​ល្អ អាច​ក្លាយទៅជា​កន្លែង​អុំទូក ប្រណាំង​ជា​រៀងរាល់ឆ្នាំ​។

​ភ្នំ​សុពណ៌​កាឡី ស្ថិតនៅ​ខេត្តក្រចេះ​។ ធ្វើដំណើរ​ពី​ក្រុង​ក្រចេះ ប្រមាណ ៩០​នាទី តាម​រថយន្ត និង​ឆ្លង​កាណូត​។ ក្រុមការងារ​ថត នៅ​ខែកក្កដា ឆ្នាំ​២០២០ ៕

Leave a Reply

Your email address will not be published. Required fields are marked *