ព័ត៌មានជាតិ

មន្ត្រីសាលាខេត្តបាត់ដំបងម្នាក់ សម្រេចលាឈប់ពីក្របខ័ណ្ឌមន្ត្រីរាជការ ដោយសារមិនពេញចិត្តនឹងការបង្កើតបក្ខពួកក្នុងសាលាខេត្តបាត់ដំបង

បាត់ដំបង៖លោក លី ឌីនូរី ឋានន្តរសក្តិ វរៈមន្ត្រី ថ្នាក់លេខ២ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ តួនាទីបច្ចុប្បន្ន មន្ត្រីសាលាខេត្តបាត់ដំបង បា ដាក់ពាក្យស្នើសុំលាឈប់ពីការងារ ដោយសារតែពុំពេញចិត្តនឹងការបង្កើតបក្ខពួកក្នុងសាលាខេត្តបាត់ដំបង ។ 
នេះបើយោងតាមពាក្យស្នើសុំលាឈប់ពីការងារ ដែល លោក លី ឌីនូរី គោរពជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ដែលទើបទទួលបាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នេះ ។បើតាមលោក លី ឌីនូរី ថ្លែងថា លោកបានបំពេញភារៈកិច្ចជាមន្ត្រីរាជការក្របខ័ណ្ឌក្រសួងមហាផ្ទៃ ចាប់តាំងពីឆ្នាំ២០០៧ រហូតបច្ចុប្បន្នជាមន្ត្រីសាលាខេត្តបាត់ដំបង ។ ដោយសារលោកពុំពេញចិត្តនឹងការបង្កើតបក្ខពួកក្នុងសាលាខេត្តបាត់ដំបង លោកសូមគោរពស្នើសុំលាឈប់ពីក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃចាប់ពីពេលនេះតទៅ ។
ការសម្រេចលាឈប់នៅពេលនេះក៏ធ្វើឡើងស្របគ្នា បន្ទាប់ពីសាលាខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានចេញលិខិតអញ្ជើញលើកទី១ ដល់លោក លី ឌីនូរី មន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិកនៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តបាត់ដំបង ដើម្បីចូលមកបំពេញការងារនៃការិយាល័យគ្រប់គ្រងបុគ្គលិក ក្រោយពីអវត្តមានគ្មានច្បាប់អនុញ្ញាតជាប់ៗគ្នារយៈពេល២សប្ដាហ៍កន្លងមក ។ជុំវិញលិខិតអញ្ជើញលើកទី១ នេះ ត្រូវបាន លោក លី ឌីនូរី ឆ្លើយតបវិញភ្លាមៗតាមបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា ៖ថ្ងៃនេះបានទទួលលិខិតអញ្ជើញលើកទី១ របស់រដ្ឋបាលខេត្តបាត់ដំបង។ ខ្ញុំមិនបដិសេដទេ ប៉ុន្តែមានសំណួរខ្លះៗ ។
១-តើរយ:កាលកន្លងមកក្រុមអស់លោកធ្វើទុក្ខបុកម្នេញខ្ញុំវាមិនទាន់គ្រប់គ្រាន់មែនទេ?២-នៅពេលដែលខ្ញុំចូលបំពេញការងារ តើធានាទេមានការងារធ្វើសំរាប់ខ្ញុំដូចមន្រ្តីធម្មតា ? រឺត្រឹមតែចង់អោយខ្ញុំមកអង្គុយអានកាសែតដូចរយៈ:កាលមុន? តើខ្ញុំមានកំហុសអ្វី? ប្រសិនបើមកអង្គុយត្រឹមអានកាសែត ខ្ញុំមិនមកល្អជាង សុខចិត្តសុំលាឈប់ទៅធ្វើការងារឯកជនវិញ។៣- បក្សពួកនិយមខ្លាំងពេកនាំអោយអន្តរាយដល់ស្ថាប័នរដ្ឋ ។ នេះប្រហែលមកពីខ្ញុំមិនមែននៅក្នុងក្រុមគេទេដឹង? កន្លែងដែលមានបក្សពួកពេក ខ្ញុំមិនធ្វើការជាមួយទេ សូមជ្រាប ៕

Leave a Reply

Your email address will not be published. Required fields are marked *