កម្ពុជាស្វាគមសមាជិកមកពីជាង៤១ប្រទេសជុំវិញពិភពលោក ក្នុងមហាសន្និបាតលើកទី៣៩ សហគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)

ភ្នំពេញ ​៖ សន្និសីទស្តីពី“ទីក្រុង ដែលមានភាពធន់ ការគិតគូរ អំពី បញ្ហាប្រឈម ​និងការស្ថាបនាទីក្រុងឡើងវិញ” នៃមហាសន្និបាតលើកទី៣៩ របស់សហគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បាននឹងកំពុងប្រារព្ធឡើង នៅសណ្ឋាគារសុខារេស៊ីដង់ភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែធ្នូ ​ឆ្នាំ២០១៩នេះ ដោយបានទទួលស្វាគមន៍គណៈប្រតិភូ នៃទីក្រុង ​និងសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន៤០២នាក់មកពី៤១ប្រទេសទូទាំងពិភពលោក។

លោ​ក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងនាមជាម្ចាស់ផ្ទះ បានថ្លែងក្នុងពិធីបើកសន្និសីទ ស្តីពី“ទីក្រុងដែលមានភាពធន់ ការគិតគូរអំពីបញ្ហាប្រឈម និងការស្ថាបនា ទីក្រុងឡើងវិញ” នៃមហាសន្និបាតលើកទី៣៩ ​របស់សហគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រា​ស់ភាសាបារាំង (AIMF) ដោយមានការចូលរួមពីសមាជិករដ្ឋសភា និងប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលជាអតីតអភិបាលរាជធានីភ្នំពេញ លោក ព្យែរ ប៊ៃយ៉េ លេខាធិការអចិន្ត្រៃយ៍ នៃសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង។

​លោក ឃួង ស្រេងបានមានប្រសាសន៍ថា មហាសន្និបាតនេះ ជាព្រឹត្តការណ៍ប្រវត្តិសាស្រ្តសម្រាប់សមាគម AIMF និងសម្រាប់រាជធានីភ្នំពេញ ដើម្បីឈានទៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងទូលំទូលាយ ទាំងក្នុងក្របខ័ណ្ឌទីក្រុង ជាមួយសមាគម និងទីក្រុងជាមួយទីក្រុង ដែលជាសមាជិកសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង។ រាជធានីភ្នំពេញពិតជាមានកិត្តិយស និ​ងមោទនភាពបំផុតដោយបានទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត ដោយមានដំណើរទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូ នៃទីក្រុង និងសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិ ជា​ង៤រយនាក់ មកពីជុំវិញពិភពលោក។

​សន្និ​សីទពេញអង្គ«ការស្តារឡើងវិញ និងការអភិវឌ្ឍទីក្រុង» បានលើកឡើងអំពីការងារស្ថាបនាទីក្រុងឡើងវិញបាននឹង​កំ​ពុងក្លាយជាទីក្រុងប្រឈមរួមពិតៗ សម្រាប់គ្រប់ក្រុងលើពិភពលោក។ ​ស្ថានភាពទាំងឡាយដែលភ្នំពេញ និ​ងគីហ្គាលី ជួបប្រទះក្រោយ ​ស​ង្គ្រាមក្តី, គ្រោះមហន្តរាយធម្មជាតិក្តី, គម្រាងធំៗ ដើម្បីកែលម្អក្រុងសារជាថ្មី (ក្រុងសៀងហៃ, ក្រុងឡុងដ៏, ក្រុងដេត្រ័រ) សុទ្ធតែនាំដល់ការកំទេច និងការកសាងឡើងវិញប្រកបដោយថាមភាពខ្លាំងក្លាមិនធ្លាប់ជួបប្រទះពីមុន។ បទអន្តរាគមន៍ទាំងឡាយដែលលើកយកមកក្នុងពេលនេះផ្តោតជាសំខាន់លើកត្តាថាមភាព៣ចំនុច ជាសារវន្ត័សម្រាប់ការស្ថាបនាឡើងវិញ ហើយវាមានភាពប្រទាក់ក្រឡាគ្នា ស្និតទៅនឹងដំណាក់កាល៣ ដែលមនុស្ស ​និងទីក្រុងត្រូវបានបំបែកចេញពីគ្នា។

លោ​ក ព្យែរ ​ប៊ៃយ៉េ លេខាធិការដ្ឋានសមាគមអន្តរជាតិ នៃអភិបាលប្រើប្រាស់ភាសាបារាំងបានថ្លែងថា “ការស្ថាបនាទីក្រុងឡើងវិញ តោងទាមទារសមត្ថភាពរបស់ប្រជាជន និងសមត្ថភាពរបស់មន្ត្រីដឹកនាំ ដើម្បីជំនះនឹងផលប៉ះពាល់ ដែលផុសចេញពីការប្រែប្រួល ផ្លាស់ប្តូររបស់ទីក្រុង និង ​ស្ថានភាពតក់ស្លុតណាមួយ។ ប៉ុន្តែសមត្ថភាពធន់នឹងស្ថានការណ៍ទាំងនេះ មិនមែនជារបស់កើតឡើងឯកឯងទេ ពោលគឺ វាកកើតនិងធំធាត់ឡើង ដោយមានជំនួយ ពីគោលនយោបាយសាធារណៈ ពីកម្មវិធីអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ឬសកម្មភាពមហាជនជាដើម ។ គំ​និតផ្តួចផ្តើមទាំងនោះ នាំឱ្យអាចបន្ថយបាននូវការបាក់បែកក្នុងសង្គម និងឆ្លើយតបចំៗ ទៅនឹងការរង់ចាំរបស់ប្រជាជន ដែលទន់ខ្សោយបំផុត។ ការដាក់ឱ្យមានការអភិវឌ្ឍទីក្រុងមួយប្រកបដោយសមធម៌ ដោយមានការចូលរួមពីប្រជាជនគឺជាលក្ខខណ្ឌមិនអាចខ្វះបាន សម្រាប់ធានាឱ្យមានការស្ថាបនាទីក្រុងឡើងវិញ ប្រកបដោយចីរភាព៕