កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ​បង្ក្រាបជនជាតិចិន ២នាក់ ក្រោយធ្វើសកម្មភាពបាញ់ប្លន់នៅសង្កាត់ចោមចៅទី១!

ភ្នំពេញ ​៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំបញ្ជាដោយលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានចាប់ជនសង្ស័យចំនួន២នាក់ ជាជនជាតិចិន ដែលបានធ្វើសកម្មភាពបាញ់ប្លន់ នៅក្នុងហាងលក់គុជ ហីហី មួយកន្លែង នៅខាងក្រោយផ្សារឯករាជ្យមួយ ស្ថិតក្នុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅ​ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រភពពីកន្លែងកើតហេតុបញ្ជាក់ថា ក្នុងហេតុការណ៍នេះ មានជនជាតិចំនួន២នាក់ បានធ្វើសកម្មភាពបាញ់ប្លន់ចំនួន២គ្រាប់ ដោយជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន និងម្នាក់ទៀតកំពុងរត់គេចខ្លួន នៅក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា ខណៈដែលកម្លាំងនគរបាល កំពុងធ្វើការឡោមព័ទ្ធចាប់ខ្លួន។

បច្ចុប្បន្ន ជនសង្ស័យម្នាក់ ដែលជាជនជាតិចិន ត្រូវបានកម្លាំងនគរបាល នាំខ្លួនទៅប៉ុស្ដិ៍នគរបាលចោមចៅទី១។ ខណៈនេះមន្ដ្រីជំនាញនគរបាល និងអាជ្ញាធរ កំពុងសួរនាំនៅកន្លែងកើតហេតុ។ សូមបញ្ជាក់ផងដែរថា បន្ទាប់ពីមន្ត្រីជំនាញសាកសួរ ជនជាតិចិនម្នាក់ខាងលើគឺ មិនមានពាក់ព័ន្ធនឹងករណីនេះទេ៕