ឯកឧត្ដម អ៊ុន​ ចាន់ដា​ ជួប​សំណេះសំណាល​ ជាមួយ​នាយ​ទាហាន​ នាយ​ទាហាន​រង​កងរាជអាវុធហត្ថ​ ខេត្តកំពង់ចាម

កំពង់ចាម​៖ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ ឯកឧត្ដម អ៊ុន​ ចាន់ដា​ បាន​ថ្លែង​ថា​ កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ គឺ​អព្យាក្រឹត​ចំពោះ​គណបក្ស​នយោបាយ​ តែ​មាន​កាតព្វកិច្ច​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​​ នាយ​ទាហាន​ នាយ​ទាហាន​រង​កងរាជអាវុធហត្ថ​ នៅ​ទី​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម​ នារសៀលថ្ងៃ​ទី​៦ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ។

ឆ្លៀត​ក្នុង​ឱកាសនោះ​ លោក​​ អ៊ុន​ ចាន់ដា​ ​ប្រធានគណៈបញ្ជាការឯកភាពខេត្ត​ បាន​ថ្លែង​ថា​ ការជួបជុំ​គ្នា​នាពេលនេះ កឺដើម្បីបានត្រួតពិនិត្យកងកម្លាំង ក្នុងការត្រៀមបង្កា លើកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនខេត្តកំពង់ចាម នាពេល​ខាង​មុខ​ ។ ដូច្នេះ ក្នុងនាមកងកម្លាំង ត្រូវយកចិត្តទុកដាក់ ក្នុង​ការ​អនុវត្តនូវតួនាទី ភារកិច្ច របស់ខ្លួន ដើម្បី ការពារសន្តិសុខជាតិ និងប្រជាជន ព្រមទាំង ក្ដាប់ឲ្យបាននូវព័ត៌មានទាំងឡាយ​ ឲ្យ​បានគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ចេញនូវវិធានការអន្តរាគមន៍ ទប់ស្កាត់នូវរាល់បាតុភាពទាំងឡាយ ដែលបង្កឲ្យអស្ថេភាពដល់សង្គមជាតិ ។ ក្រៅពីនោះ កងកម្លាំងទាំងអស់ ត្រូវអនុវត្តឲ្យបាននូវរាល់បទបញ្ជា របស់រាជរដ្ឋាភិបាល ដើម្បី ការពារនូវភាពសុខសាន្ត ជូនសង្គមជាតិ និងប្រជាពលរដ្ឋ​ផង​ដែរ​ ព្រោះថា​ កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ គឺ​អព្យាក្រឹត​ចំពោះ​គណបក្ស​នយោបាយ​ តែ​មាន​កាតព្វកិច្ច​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ ផងដែរ​​ ។

លោក​ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម​ បាន​ឲ្យដឹង​ថា​ សកម្មភាពពង្រឹងការអនុវត្តច្បាប់​ ក្នុងរយៈពេល ០៩ ខែកន្លងទៅនេះ អង្គភាពកងរាជអាវុធហត្ថខេត្តបានយកចិត្តទុកដាក់ខ្ពស់ ដោយសហការ​ ជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម​ អនុវត្តច្បាប់ ទប់ស្កាត់ និងបង្ក្រាបបទល្មើស​ បានចំនួន១៥៦លើក ក្នុងនោះមាន​ បង្ក្រាបបទល្មើសគ្រឿងញៀន១៩លើក រំលោភសេពសន្ថវៈចំនួន១៧លើក ប៉ុនប៉ងមនុស្សឃាតចំនួន០៤លើក ឃាតកម្មចំនួន០៦លើក លួចចំនូន៤៨លើក ឆបោក​ចំនួន០៤លើក ឆក់ចំនួន០៨លើក ហឹង្សាចំនួន៤៦លើក និងបំផ្លិតបំផ្លាញ០៤លើក ។​ ឃាត់ខ្លួនជនសង្ស័យបានចំនួន ៥៧នាក់ បញ្ជូនទៅតុលាការ ៥៦នាក់ និង​អប់រំអោយទៅមណ្ឌលចំនួន ១នាក់​ ព្រមទាំងដកហូតវត្ថុតាងម្សៅក្រាមពណ៌ស ១១៧កញ្ចប់ មានទម្ងន់ ២៤៣,៨៧ ក្រាម​ ផងដែរ​។

លោក​ឧត្ដមសេនីយ៍​ បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​ កម្លាំង​កងរាជអាវុធហត្ថខេត្ត បាននិងកំពុងត្រៀមកម្លាំង មធ្យោបាយ គ្រឿបំពាក់ ដើម្បីទប់ស្កាត់បង្ក្រាបរាល់សកម្មភាពទាំងឡាយ របស់ពួកក្រុមឧទ្ទាមដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់​ ផងដែរ​។
ក្នុងឱកាសនោះដែរ លោក​​​ អ៊ុន ចាន់ដា ក៏បានផ្ដល់ជូន​ មី ចំនួន ២០០កេស និងថវិកា ៥លានរៀល សម្រាប់​ផ្គត់ផ្គង់​​ក្នុង​ពេល​ចុះ​ប្រតិបត្តិការណ៍​ផងដែរ​ ៕