ក្រុមហ៊ុន សំអឿនសុវណ្ណកំពុងចេញមុខសារជាថ្មីទៀតហើយ បើមិនមានការទប់ស្កាត់ទេនោះព្រៃឈើព្រៃព្រះរកាច្បាស់ជាហិនហោចហើយ


ខេត្តព្រះវិហារ : មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ក្រុមហ៊ុន សំអឿន សុវណ្ណ របស់​មេ​ឈ្មួញ ឌី ឌុ​ក និង​ក្រុមហ៊ុន​អង្គរ​ប្លាយ​វូដ នៅតែ​បន្តសកម្មភាព​កាប់​ឈើ ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ព្រះ​រកា យ៉ាង​គឃ្លើន​ហើយ​ថែមទាំង​បង្កើត​ទីតាំង​ប្រមូល​ទិញ​ឈើ​នៅ​ខាងក្រៅ​ជាប់​ព្រៃ​ព្រះ​រកា​ទៀង​ផង​។ ចំណែក​លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ ក៏ដូចជា​លោក អ៊ា សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ក្រុមហ៊ុន សំអឿន សុវណ្ណ របស់​ឧកញ៉ា ឌី ឌុ​ក បន្តសកម្មភាព​បំផ្លាញ​ព្រៃ​ព្រះ​រកា យ៉ាង​មហន្តរាយ​។ ហេតុនេះហើយ​ទើប​មជ្ឈដ្ឋាន​នានា​អំពាវនាវ​ឲ្យ​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​បំផ្លាញ​ព្រៃឈើ​ពី​សំណាក់​ក្រុមហ៊ុន សំអឿន សុវណ្ណ របស់​មេ​ឈ្មួញ ឌី ឌុ​ក ជាបន្ទាន់​។


មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន សំអឿនសុវណ្ណ ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃ​ព្រៃ​ព្រះ​រកាច្រើន​ឆ្នាំ​មកហើយ និង​មាន​បង្កើត​រោង​អារឈើ​ទ្រង់ទ្រាយ​ធំ​នៅក្បែរ​តំបន់​ព្រៃ​ព្រះ​រកាទៀតផង​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​កត់សម្គាល់ថា តាំងពី​ជំនាន់​លោក អ៊ុន ចាន់​ដា នៅ​ធ្វើជា​អភិបាលខេត្ត​ព្រះវិហារ រហូតដល់​ពេល​លោក ប្រាក់ សុវណ្ណ កាន់តំណែង​ជា​អភិបាលខេត្ត​ព្រះវិហារ នាពេល​បច្ចុប្បន្ន​គឺ​មេ​ឈ្មួញ ឌី ឌុ​ក ម្ចាស់​ក្រុមហ៊ុន សំអឿនសុវណ្ណ បន្តសកម្មភាព​បំផ្លាញ​ព្រៃ​ព្រះ​រកា​យ៉ាង​ពេញបន្ទុក​ដដែល​។ ទន្ទឹមនឹងនេះ​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ឌី ឌុ​ក បាន​លក់​ឈើ​មួយផ្នែក​ឲ្យ​ក្រុមហ៊ុន​អង្គរ​ប្លាយ​វូដ និង​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក ដើម្បី​ឲ្យ​ក្រុមហ៊ុន​ទាំង​២​នេះ​ដឹកជញ្ជូន​ចេញទៅ​ក្រៅប្រទេស​ទៀតផង​។


ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា ព្រៃ​ព្រះ​រកា​ក្នុង​មូលដ្ឋាន​ពួកគាត់​កំពុង​រង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក ហើយ​សូម្បីតែ​ដើម​ច្បោះ​ជ័រ​ធំៗ​ដែលជា​មុខរបរ​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច​កួយ ក្នុង​តំបន់​នេះ​ក៏​រង​ការ​កាប់រំលំ​អារច្រៀក​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​យ៉ាង​រលូន​ដែរ​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន សំអឿនសុវណ្ណ របស់​មេ​ឈ្មួញ ឌី ឌុ​ក មិន​ត្រឹមតែ​បំផ្លាញ​ព្រៃ​ព្រះ​រកា ក្នុងស្រុក​ត្បែងមានជ័យ​ទេ គឺ​ព្រៃ​ព្រះ​រកា ក្នុងស្រុក​ជាំ​ក្សាន្ត និង​ស្រុក​ឆែប ក៏​រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​ដែរ ព្រោះ​មានការ​ឃុបឃិត​ពី​សំណាក់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ ចំណែក​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រក្សាភាពស្ងៀមស្ងាត់ ។