ឃាត់ខ្លួនចោរកាច់ក​ លួចម៉ូតូយ៉ាងសកម្មម្នាក់​ នៅក្នុងទឹកដីខណ្ឌចំការមន

ភ្នំពេញ​ ៖​ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៤:៣០នាទី សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានសហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អាំ ប្រុស ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះគ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល រួមនិងវត្ថុតាង មាន​ ៖​ ដែកជ្រុងចុងសំប៉ែតស្រួចចំនួន០៣,​ ដង្កាប់ចំនួន០១,​ ដែកឆាបចំនួន០១,​ ដែកចំពុះទុងដកឈើចំនួន០១, សោរខ្សៀលេខ៨​ ចំនួន០៤,​ កូនសោរម៉ូតូចំនួន០៥,​ ក្រាមពណ៌សថ្លាចំនួន​ ០១កញ្ចប់តូច,​ កាបូបស្ពាយពណ៌សូកូឡាចំនួន០១ និងសម្ភារៈប្រើប្រាស់គ្រឿងញៀន ត្រង់ចំណុចសណ្ឋាគារឡាក់គីស្តា ឈូកទិព្វ ស្ថិតនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។

សមត្ថកិច្ច​ បានឲ្យដឹងថា​ ក្រោយពីធ្វើការសាកសួរជនសង្ស័យ ឈ្មោះ អាំ ប្រុស បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) និងបក្ខពួកម្នាក់ទៀត ឈ្មោះ រ័ត្ន ភេទប្រុស អាយុ២៤ឆ្នាំ បានធ្វើសកម្មភាពលួចកាច់សោរកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខភ្នំពេញ​ 1CB-4189 នៅចំណុចកែងផ្សារទួលទំពូង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយសមត្ថកិច្ច​ ក៏បានសហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌចំការមន ប្រគល់ជនសង្ស័យខាងលើ រួមនិងវត្ថុតាង អោយទៅសមត្ថកិច្ចនគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង៕