សាខាកាកបាទក្រហមខណ្ឌមានជ័យបានសហការជសមួយសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបានបើកវគ្គបណ្ដុះបណ្ដាលរយៈមួយថ្ងៃ

(ភ្នំពេញ) នាព្រឹកថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៩នេះ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានសហការជាមួយ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន រយៈពេល១ថ្ងៃ ជូនដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា​ ដែលបានជ្រើសរើសមកពីតាមបណ្តាសង្កាត់ទាំង៧ ក្នុងខណ្ឌមានជ័យ សរុបចំនួន ១៦៩ នាក់ ស្រី ៣៧ នាក់ ក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា​កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និង លោក ឌី រ័ត្នខេមរុណ អភិបាលរង និងជាប្រធានគណៈកម្មាធិការអនុសាខាខណ្ឌមានជ័យ ។


ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនអ្នកស្ម័គ្រចិត្តទាំងអស់ប្រកបដោយក្តីនឹករលឹក​ ។ ហើយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និង ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានគូសបញ្ជាក់ថា ចាប់តាំងពីមុនរហូតមកដល់បច្ចុប្បន្ននេះ អ្នកស្ម័គ្រ​ចិត្តយើងពិតជាបានដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការចូលរួមការងារមនុស្សធម៌ដោយមិនចង់បានអ្វីតបស្នងមកវិញ គឺចូលរួមដោយស្មោះស្ម័គ្រគ្មានប្រាក់បៀវត្សន៍ ឬប្រាក់ឧបត្ថម្ភ និងបានបូជាកម្លាំងកាយចិត្ត លះបង់ពេលវេលា​​ ជាអ្នកអប់រំផ្សព្វផ្សាយចលនា​ ជាអ្នកជួយសង្គ្រោះ និងជាអ្នកផ្តល់ព័ត៌មានអំពីគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា​ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ មុននឹងប្រកាសបេីកវគ្គបណ្តុះបណ្តាល​ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ក៏សូមឲ្យបងប្អូនជាសិក្ខាកាមទាំងអស់ ខិតខំយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង​ពីវគ្គនេះដេីម្បីបង្កេីនសមត្ថភាព​ ក្នុងការបំពេញការងារមនុស្សធម៌របស់យេីងនៅតាមមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព​ និងទទួលបានជោគជ័យថែមទៀត​ ។

សូមបញ្ជាក់ថា ក្នុងវគ្គបណ្តុះបណ្តាលជាមូលដ្ឋាននេះ​ បានលេីកយកមេរៀនសំខាន់ៗចំនួន៥​ មកបង្ហាត់បង្ហាញរួមមាន៖
១- ប្រវត្តិ​ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម
២- គោលនយោបាយ តួនាទីរបស់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា
៣- សុវត្ថិភាពចរាចរណ៍ផ្លូវគោក
៤-​ ការគ្រប់គ្រងគ្រោះមហន្តរាយ និងការគ្រប់គ្រងអគ្គិភ័យ
៥-​ វិជ្ជាសង្គ្រោះបឋម​ ៕